(ភ្នំពេញ)៖ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩ ក្រុមហ៊ុន Smart Axiata បានប្រកាសដាក់ឲ្យដំណើរការសេវាកម្មឌីជីថលថ្មីមួយឈ្នោះថា GigaGigs by Smart ដែលជាកម្មវិធីទូរស័ព្ទដៃប្រមូលព័ត៌មានផ្សេងៗពីមហាជនប្រកបដោយភាពច្នៃប្រឌិត ដើម្បីអនុញ្ញាតឲ្យអាជីវកម្មផ្ដល់ការរងារសាមញ្ញៗ តែមានសារៈសំខាន់ ឱ្យសាធារណ:ជនទូទៅធ្វើឱ្យ។

GigaGigs by Smart ជាកម្មវិធីដំបូងបង្អស់មិនធ្លាប់នឹងត្រូវដាក់ឲ្យដំណើរការនៅកម្ពុជា ដើម្បីធ្វើជាមធ្យោបាយថ្មីសម្រាប់អាជីវកម្ម ក្នុងការប្រមូលព័ត៌មានផ្តល់មកវិញ និងទិន្នន័យទីផ្សារ ហើយក៏មានការផ្តល់រង្វាន់លើកទឹកចិត្តដល់អ្នកប្រើប្រាស់ដែលបំពេញភារកិច្ចក្នុងការផ្តល់ទិន្នន័យនេះផងដែរ។ កម្មវិធីនេះត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ផ្សេងទៀត ដូចជាប្រទេសម៉ាឡេស៊ី ជាដើម។

នាយកប្រតិបតិ្តក្រុមហ៊ុន Smart Axiata លោក ថូម៉ាស ហ៊ុន បានថ្លែងថា «នៅក្នុងយុគសម័យនៃការប្រើប្រាស់ទិន្នន័យធំៗ អាជីវកម្មត្រូវការប្រើប្រាស់ទិន្នន័យថ្មីៗបំផុត និងព័ត៌មានសំខាន់ៗដើម្បីធ្វើប្រតិបត្តិអាជីវកម្មរបស់ពួកគាត់កាន់តែមានប្រសិទ្ធិភាព។ ជាមួយ GigaGigs by Smart អាជីវកម្មអាចទទួលបានព័ត៌មានទិន្នន័យ ពីមហាជនបានយ៉ាងងាយស្រួល និងប្រកបដោយអត្ថប្រយោជន៍ ហើយក៏មានការផ្ដល់រង្វាន់លើកទឹកចិត្តដល់អ្នកប្រើប្រាស់ សម្រាប់ការចូលរួមរបស់ពួកគាត់ផងដែរ»។

ដោយអាចទាញយកមកប្រើប្រាស់បានពី Google Play និង App Store កម្មវិធីតាមទូរស័ព្ទដៃមួយនេះ និឹងរៀបចំរាល់កិច្ចការទាំងអស់បានយ៉ាងងាយស្រួល បន្ទាប់ពីបានស្នើសុំពីអាជីវកម្ម ដោយអ្នកប្រើប្រាស់អាចប្រើបានដោយឥតគិតថ្លៃ។ កិច្ចការទាំងអស់នោះរាប់ចាប់ពីការត្រួតពិនិត្យម៉ាកយីហោក្នុងនាមជាអតិថិជនប្រើប្រាស់ ដើម្បីធ្វើឲ្យច្បាស់ថាហាងលក់រាយដែលបង្ហាញផលិតផលរបស់ពួកគេមានភាពត្រឹមត្រូវ ដើម្បីបំពេញការស្ទង់មតិសាមញ្ញៗអំពីគុណភាព និងសេវាកម្មអតិថិជន។

កម្មវិធីនេះក៏អនុញ្ញាតឱ្យអតិថិជនចែករំលែកទីតាំងរបស់ខ្លួនលើប្រព័ន្ធ GPS ផងដែរ ដើម្បីបង្ហាញថា កិច្ចការត្រូវបានបញ្ចប់នៅហាងជាក់លាក់ណាមួយ និងដើម្បីបញ្ចូលរូបថត ឬវីដេអូរបស់ហាង ឬផលិតផលដែលពួកគេទទួលភារកិច្ចពិនិត្យឡើងវិញ។ ជាមួយ GigaGigs by Smart អាជីវកម្មនឹងអាចទទួលបាននូវការយល់ដឹង ទស្សនៈ និងទិន្នន័យដែលមានអត្ថប្រយោជន៍សំខាន់ៗ ដែលនឹងជួយអាជីវកម្មទាំងនោះ បម្រើអតិថិជនរបស់ខ្លួនកាន់តែល្អប្រសើរឡើង។

លោក Kow Kuan Hua នាយកគ្រប់គ្រង និងជាស្ថាបនិក GigaGigs ប្រចាំតបន់អាស៊ីអាគ្នេយ៍បានមានប្រសាសន៍ថា៖ «វិធីសាស្រ្តនៃការស្រាវជ្រាវទីផ្សារដែលធ្លាប់ធ្វើកន្លងមក និងការប្រមូលទិន្នន័យជារឿយៗមានការយឺតយ៉ាវ និងមានតម្លៃថ្លៃ ប៉ុន្តែជាមួយ GigaGigs by Smart កម្មវិធីនេះមានលក្ខណៈសាមញ្ញដូចជាការបញ្ចូលកិច្ចការទៅក្នុងកម្មវិធីapp ក្នុងទូរស័ព្ទដៃ ហើយបន្ទាប់មកដូចជាការទាញយកប្រតិបត្តិទិន្នន័យដោយផ្ទាល់ពីអ្នកប្រើប្រាស់ជាក់ស្តែង»។

សម្រាប់ព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗអំពី GigaGigs by Smart សូមអីុម៉ែលទៅកាន់ gigaggigs@smart.com.kk ឬ ចូលទៅកាន់គេហទំព័រ www.smart.com.kh៕